+(855)92 64 01 62 jobs@morninghr.com

សហគ្រិន​វ័យក្មេង​ជប៉ុន សិក្សា​ពី​ទីផ្សារ និង​ឱកាស​ធ្វើ​អាជីវកម្ម​នៅ​កម្ពុជា

សហគ្រិន​វ័យក្មេង​ជប៉ុន សិក្សា​ពី​ទីផ្សារ និង​ឱកាស​ធ្វើ​អាជីវកម្ម​នៅ​កម្ពុជា


សហគ្រិន​វ័យក្មេង​ជប៉ុន សិក្សា​ពី​ទីផ្សារ និង​ឱកាស​ធ្វើ​អាជីវកម្ម​នៅ​កម្ពុជា

ថ្ងៃ ពុធ ទី ១០ ខែ សីហា ឆ្នាំ ២០១៦ ម៉ោង ១០:៥០

រាជធានី​ភ្នំពេញ ៖ ដោយ​មើលឃើញ​ថា កម្ពុជា​មាន​សន្ទុះ​រីក​ចម្រើន​ទៅ​លើ​វិស័យសេដ្ឋកិច្ច និង​អាច​ផ្តល់​ឱកាស​ដល់​វិនិយោគិន​ធ្វើ​អាជីវកម្ម​មានការ​រីក​លូតលាស់​នៅ​ពេល​បច្ចុប្បន្ន និង​ថ្ងៃ​អនាគត បាន​ជំរុញ​ឱ្យ​ក្រុម​សហគ្រិន​វ័យក្មេង​នៃ​សភាពាណិជ្ជកម្ម​ជប៉ុន​ប្រមាណ​៦០​នាក់​មក​សិក្សា​ស្រាវជ្រាវ​អំពី​ទីផ្សារ និង​ឱកាស​ធ្វើ​អាជីវកម្ម​នៅ​កម្ពុជា ។

លោក Okamura Koji ប្រធាន​អង្គភាព​ក្រុម​សមាគម​សហគ្រិន​វ័យក្មេង​ជប៉ុន នៅ​ក្នុង​សិក្ខាសាលា​ស្រាវជ្រាវ​អំពី​ប្រទេស​កម្ពុជា​ជំហាន​ទី​១ សម្រាប់​ពង្រីក​អាជីវកម្ម​នៅ​បរទេស កាលពី​ថ្ងៃ​ទី​៨ សីហា ក្នុង​សណ្ឋាគារ​សូ​ហ្វី​តែ​ល បានឱ្យ​ដឹង​ថា សហគ្រិន​វ័យក្មេង​ជប៉ុន​មាន​ចំណាប់អារម្មណ៍​ខ្លាំង​ទៅ​លើ​សក្តានុពល​ផ្នែក​សេដ្ឋកិច្ច និង​ការ​អភិវឌ្ឍ​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​ពេល​នេះ ។ ផ្អែក​លើ​កត្តា​នេះ បាន​ជំរុញ​ឱ្យ​ក្រុម​សហគ្រិន​វ័យក្មេង​ជប៉ុន​សម្រេចចិត្ត​មក​កម្ពុជា ដើម្បី​សិក្សា​ស្រាវជ្រាវ​លើ​ការ​វិនិយោគ និង​ពង្រីក​អាជីវកម្ម​នៅ​កម្ពុជា ក្នុង​សកម្មភាព​ជា​កិច្ច​សហប្រតិបត្តិការ និង​ទំនាក់
ទំនង​អន្តរជាតិ​រវាង​កម្ពុជា​-​ជប៉ុន ។

លោក​បន្ត​ថា ៖ « ក្នុង​ដំណើរ​ទស្សនកិច្ច​សិក្សា​នៅ​កម្ពុជា​នេះ វា​ជា​ឱកាស​ដ៏​សំខាន់​មួយ​ផង​ដែរ ដែល​អាច​ឱ្យ​ក្រុម​សហគ្រិន​វ័យក្មេង​ជប៉ុន​ស្វែង​យល់​កាន់តែ​លម្អិត​ពី​សក្តានុពល​សេដ្ឋកិច្ច​នៅ​ប្រទេស​កម្ពុជា ធ្វើការ​ត្រឹះ​រិះ​ពិចារណា​គន្លឹះ និង​ដំណោះស្រាយ​ក្នុង​ការ​ពង្រីក​អាជីវកម្ម​នៅ​បរទេស ព្រមទាំង​សម្រេចចិត្ត​វិនិយោគ​នៅ​កម្ពុជា ថា​តើ​ក្រុម​សហគ្រិន​ត្រូវ​បំពេញបែបបទ និង​ឆ្លងកាត់​ការ​ត្រួតពិនិត្យ​ពី​ស្ថាប័នរដ្ឋ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​យ៉ាងដូចម្តេច​ខ្លះ » ។

លោក​បន្ថែម​ថា ការ​វិនិយោគ​នៅ​ក្រៅប្រទេស សំខាន់​ត្រូវ​ស្គាល់​ពី​ស្ថានភាព​របស់​ប្រទេស​នោះ​ជា​មុន​ថា តើ​ប្រទេស​នោះ​មានកា​រវិ​វត្ត​ដល់​ណា ហើយ​សកម្មភាព​ជាក់ស្តែង​យ៉ាងដូចម្តេច​ដែរ ។ ដូច្នេះ ការ​សិក្សា​ទៅ​លើ​ប្រទេស​កម្ពុជា​ដំបូង​នេះ គឺ​សិក្សា​ទៅ​លើ​ច្បាប់ បរិស្ថាន និង​អត្ត​ចរិត​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ថា មាន​លក្ខណៈ​បែប​ណាខ្លះ ព្រោះ​ការ​ផ្តល់​តម្លៃ​លើ​អត្ត​ចរិត​មនុស្ស វា​មាន​សារសំខាន់​ក្នុង​ការ​វិនិយោគ ។ លោក​បន្ថែម​ថា ៖ « អ្វី​ដែល​ជា​ការ​ព្រួយបារម្ភ គឺ​ការ​អប់រំ​របស់​កម្ពុជា​នៅ​មាន​កម្រិត​នៅឡើយ ហើយ​បើ​កម្ពុជា​អាច​ពង្រឹង​ការ​អប់រំ និង​ចំណេះដឹង​ទូទៅ​កាន់តែ​ប្រសើរ​នោះ វា​ជា​ចំណុច​ល្អ​ដែល​នឹង​ទាក់ទាញ​វិនិយោគិន​បរទេស​កាន់តែ​ច្រើន » ។

ទាក់ទង​នឹង​ដំណើរ​ទស្សនកិច្ច​សិក្សា​ពី​កម្ពុជា​តាម​រយៈ​សហគ្រិន​វ័យក្មេង​ជប៉ុន​នេះ បើ​តាម​អនុប្រធាន​សមាគម​សហគ្រិន​វ័យក្មេង​កម្ពុជា បាន​សាទរ​ចំពោះ​សហគ្រិន​វ័យក្មេង​ជប៉ុន ដែល​មាន​គោលបំណង​ពង្រីក​អាជីវកម្ម​នៅ​កម្ពុជា​។ លើស​ពី​នេះ វា​ក៏​ជា​ឱកាសល្អ​មួយ​សម្រាប់​សហគ្រិន​កម្ពុជា​ដែល​បាន​រៀបចំ ឬ​ត្រៀមខ្លួន​រួចរាល់​អាច​នឹង​ចាប់​គ្នា​ជា​ដៃគូ​ជាមួយ​សហគ្រិន​បរទេស​ទាំងនោះ​ដើម្បី​ឱ្យ​អាជីវកម្ម​រីក​ចម្រើន​។ ប៉ុន្តែ​ទន្ទឹម​នឹង​នោះ វា​ក៏​អាច​ធ្វើ​ឱ្យ​បាត់បង់​ផលប្រយោជន៍​ខ្លះ​សម្រាប់​សហគ្រិន​កម្ពុជា​ផង​ដែរ ។

លោក គុយ វាត មាន​ប្រសាសន៍​ថា ៖ «​ពាក់ព័ន្ធ​នឹង​សហគ្រិន​កម្ពុជា យើង​សង្កេត​ឃើញ​ថា មានការ​រីក​ចម្រើន​ច្រើន បើ​ប្រៀបធៀប​នឹង​ឆ្នាំ​មុន​ៗ ហើយ​ក៏​មិនជា​អន់​ជាង​សហគ្រិន​នៅ​តាម​ប្រទេស​ផ្សេង​ទៀត​ប៉ុន្មាន​ដែរ ។ ប្រសិនបើ​មានការ​វិនិយោគ​មក​ពី​ប្រទេស​ជប៉ុន​ច្រើន ខ្ញុំ​គិត​ថា វា​នឹង​ជួយ​យើង​បាន​ច្រើន ពេល​ឃើញ​គេ​រីក​ចម្រើន នឹង​ធ្វើ​ឱ្យ​យើង​បោះ​គំនិត​របស់​ខ្លួន​ទៅ​តាម​គេ បើ​ទោះបី​មិន​បាន​ដូច​គេ តែ​យើង​ក៏​មានការ​រីក​ចម្រើន​ដែរ » ៕