+(855)92 64 01 62 jobs@morninghr.com

ស្វែងយល់ទាំងអស់គ្នា ទម្លាប់៨យ៉ាង ដែលធ្វើអោយអ្នក នៅតែក្រ

ស្វែងយល់ទាំងអស់គ្នា ទម្លាប់៨យ៉ាង ដែលធ្វើអោយអ្នក នៅតែក្រ


១. កើនចំណូល កើនចំណាយ

វាមិនមានគ្រោះថ្នាក់អ្វីនោះទេ បើអ្នកចង់បង្កើនស្ដង់ដារនៃជីវិតរបស់អ្នក នៅពេលដែលអ្នកអាចធ្វើបាន។ ប្រសិនបើអ្នក ជាមនុស្សម្នាក់ដែល តែងតែរកមធ្យោបាយដើម្បីចំណាយប្រាក់ អ្នកកំពុងឈានទៅរកស្ថានភាពលំបាកមួយ ក្នុងពេលឆាប់ៗ ខាងមុខ។ ប្រសិនបើបង្កើនការចំណាយ ខណៈដែលប្រាក់ចំណូលកើនឬក៏ប្រាក់ចំណូលនៅដដែល អ្នកប្រាកដជាពិបាកនឹង មានប្រាក់សម្រាប់សន្សំណាស់។

សូមព្យាយាមរក្សាការចំណាយរបស់អ្នកអោយស្ថិតក្នុងកម្រិតថេរមួយរួមជាមួយនឹងការស្វែងយល់ពីវិធីក្នុងការបង្កើនប្រាក់ចំណូលរបស់អ្នក។ នោះហើយជាផ្លូវដើម្បីទទួលបានជោគជ័យ!

២. ផ្តោតលើបច្ចុប្បន្ន មិនផ្ដោតលើអនាគត

ជាទូទៅមនុស្សដែលផ្តោតលើតម្រូវការបច្ចុប្បន្ន គិតថាតម្រូវការនាពេលអនាគតនឹងមានវិធីដោះស្រាយរបស់វា ក្នុងពេល អនាគត។ តាមពិត អ្នកដឹងថាមានបញ្ហាក្នុងពេលអនាគត តែមិនហ៊ានប្រឈមដើម្បីរកវិធីដោះស្រាយវាអោយបានសមស្រប ។

អ្នកត្រូវការដាក់ពេលអនាគតទៅក្នុងទស្សនវិស័យ នៅពេលណាដែលអ្នកធ្វើការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុ។ ពិតមែនតែវាល្អ ដែលត្រូវថែរក្សាអ្វីគ្រប់យ៉ាងនៅក្នុងពេលបច្ចុប្បន្ន តែអ្នកត្រូវព្យាយាមធ្វើអោយបានល្អបំផុត ដើម្បីសន្សំទុកសម្រាប់អនាគត។

៣. អ្នកគិតថា វាជាការឆាប់ពេកក្នុងការចាប់ផ្តើមសន្សំ

នៅពេលដែលអ្នកនៅក្មេង អ្នកចូលចិត្តចាយលុយ ដើម្បីទិញអ្វីៗមានតម្លៃ ដែលលុយអាចទិញបាន។ មនុស្សជាញឹកញាប់គិតថា ឥឡូវនេះគឺជាការឆាប់ពេក ក្នុងការចាប់ផ្តើមសន្សំឬវិនិយោគ។ ពិតជាខុស! វាមិនឆាប់ពេកក្នុងការសន្សំមួយចំណែកនៃប្រាក់ចំណូលរបស់អ្នកទេ មិនថាអ្នកមានប្រាក់ចំណូលតិច ឬច្រើនប៉ុណ្ណាក៏ដោយ។

ចាប់ផ្តើមសន្សំថ្ងៃនេះ! ជាការពិតអ្នកជំនាញបាននិយាយថា អ្នកគួរសន្សំ មុនពេលដែលអ្នកចំណាយ។ សន្សំទុកមួយចំណែក នោះអ្នកអាចចាយចំណែកដែលនៅសល់បាន។

៤. មិនមានកត់បញ្ជីហិរញ្ញវត្ថុ

យើងទាំងអស់គ្នាគិតថា យើងដឹងថារកលុយបានដោយរបៀបណា និងត្រូវចាយវានៅកន្លែងណា។ តែគួរឱ្យស្ដាយណាស់ យើងអាចនឹងដឹងអំពីការចំណាយធំៗរបស់យើង ប៉ុន្តែការចំណាយតិចតួចៗ គួបផ្សំគ្នា គឺតែងតែច្រើនជាងការចំណាយសំខាន់ៗ ទាំងនោះ ។

យកល្អ អ្នកគួរតែចាប់ផ្តើមគំនិតក្នុងការធ្វើជាបញ្ជីមួយ សម្រាប់ប្រាក់ចំណូលនិងការចំណាយរបស់អ្នក ថាតើវាសមាមាត្រគ្នា ដែរឬទេ។ វិធីនេះ នឹងអាចអោយអ្នកមានគំនិតល្អប្រសើរជាងមុន សម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុ។

៥. កង្វះនៃការធ្វើគម្រោងថវិកា ឬគម្រោងថវិកាធ្វើមិនបានល្អ

អ្នកអាចចងក្រងឯកសារគ្រប់យ៉ាង តែអាចនឹងភ្លេចចំណុចចាប់ផ្តើម គឺការធ្វើគម្រោងថវិកា ដែលជាគ្រឹះនៃការរៀបចំគម្រោងហិរញ្ញវត្ថុ។ គម្រោងនេះ នឹងធ្វើឱ្យមានភាពខុសគ្នាយ៉ាងខ្លាំងនៅក្នុងរបៀបដែល អ្នកសម្លឹងមើលទៅលើការគ្រប់គ្រងលុយរបស់អ្នក។ បើគ្មានគម្រោងថវិកាត្រឹមត្រូវទេ អ្នកនឹងចំណាយលើរឿងតូចៗ ដែលមិនចាំបាច់ជាច្រើនដោយមិនដឹងខ្លួន និងមិនបានគ្រប់គ្រងច្បាស់លាស់។

៦. មិនដឹងច្បាស់ពីអ្វីដែលអ្នកត្រូវការ និងអ្វីដែលអ្នកចង់បាន

ដើម្បីសន្សំប្រាក់និងមានទ្រព្យសម្បត្តិច្រើន អ្នកចាំបាច់ត្រូវយកចិត្តទុកដាក់ពី អ្វីដែលត្រូវតែមាន អ្វីដែលគួរមាន និងអ្វីដែលមិនចាំបាច់មាន។ អ្នកត្រូវផ្តល់អាទិភាពលើគោលដៅហិរញ្ញវត្ថុរបស់អ្នក។ ប្រសិនបើអ្នកចង់មានទ្រព្យច្រើន ជាអាទិភាពសំខាន់បំផុតសម្រាប់អ្នក នោះអ្នកត្រូវលះបង់វត្ថុល្អៗមួយចំនួន មិនថាអ្នកចូលចិត្តវា ឬមិនចូលចិត្តនោះទេ។

សរសេរគោលដៅដែលអ្នកចង់ក្លាយជាអ្នកមាន ហើយអានវាជាប្រចាំ ដើម្បីកុំអោយអ្នកភ្លេចខ្លួនចំណាយលើអ្វី ដែលមិន ចាំបាច់។

៧. មិនទទួលស្គាល់ថាខ្លួនឯងជាកូនបំណុល

អត្រាការប្រាក់បំណុល បានលេបយកប្រាក់ចំណូលមួយផ្នែកធំរបស់អ្នក ព្រោះតែកម្ចី ដែលគ្មានផលចំណូលមកវិញ។ ដោយមិនដឹងពីរបៀបដើម្បីចេញពីវដ្តចំណាយនេះ វាធ្វើអោយអ្នកសល់ចំនូលតិចតួច និងមិនអាចសល់ប្រាក់ទុកសន្សំបាន ។

ដំបូងយកការចំណាយលើបំណុលរបស់អ្នក ដាក់ក្នុងលំដាប់ទីមួយនៃបញ្ជីចំណាយ។ រៀបជាផែនការអោយបានច្បាស់លាស់ និងតាមដានវាជាប្រចាំ។ ឬអ្នកនៅតែមិនចង់ជឿថា អ្នកពិតជាក្រ បានជានៅតែផ្ដោតការចំណាយលើសម្ភារៈដែលមិន បានការ?

៨. ដូរសម្ភារៈទំនើបជាប្រចាំ

អ្នកអាចទិញឧបករណ៍ដែលអ្នកពិតជាត្រូវការចាំបាច់ តែទិញរបស់ណាដែលចេញម៉ូដែលល្មមៗ និងមិនចាំបាច់ដូរជាប្រចាំ ដូចជាទូរសព្ទ ឬឡានទំនើប ដែលតែងតែមានការ Upgrade ជារៀងរហូត នោះវាមិនធ្វើអោយអ្នកខាតបង់ធ្ងន់ធ្ងរ។

ចាប់ផ្ដើមទទួលខុសត្រូវលើជីវិតរបស់អ្នក និងធ្វើអ្វីដែលត្រូវ។ ខ្ញុំគិតថា អ្នកអាចធ្វើបាន ដោយការចាប់ផ្តើមដំណើរនៃការក្លាយជាមានទ្រព្យសម្បត្តិម្នាក់ចាប់ពីពេលនេះ ដោយពិចារណាលើចំណុចទាំងប្រាំបីខាងលើឡើងវិញ។ លោក William Shatner និយាយថា: «ប្រសិនបើការសន្សំលុយគឺខុស ខ្ញុំក៏មិនចង់ត្រូវដែរ»៕