+(855)92 64 01 62 jobs@morninghr.com

គន្លឹះ​​អប់រំ​កូន​ប្រកប​ដោយ​គន្លង​ធម៌ ​ទាំង​១០​ប្រការ​ដែល​លោក​​អ្នក​គួរ​ដឹង!

គន្លឹះ​​អប់រំ​កូន​ប្រកប​ដោយ​គន្លង​ធម៌ ​ទាំង​១០​ប្រការ​ដែល​លោក​​អ្នក​គួរ​ដឹង!


លោកស្រីបណ្ឌិតDorothy Law Nolte ជាអ្នកសិក្សាស្រាវជ្រាវអំពីក្បួនអបរំកុមារ បានសរសេរសៀវភៅមួយក្បាលដែលមានចំណងជើងថា «Children Learn What They Live» ដែលមានន័យថា «កុមារកើតចេញពីត្រកូលបែបណា គេមានមាយាទបែបហ្នឹង» ស្របតាមពាក្យទំនឹមទំនៀមមួយឃ្លាថា «ត្រកូលសជាតិ មាយាទសពូជ»។ កូនរបស់លោកអ្នកនឹងក្លាយជាមនុស្សមានអាកប្បកិរិយាបែបណា អាស្រ័យលើបរិស្ថានជុំវិញខ្លួនគេ ដែលគេធំដឹងក្ដីឡើងនៅក្នុងមជ្ឈដ្ឋាននោះ។ នេះបើយោងតាមសំណេររបស់លោកស្រីបណ្ឌិត Dorothy Law Nolte។

១- បើកុមាររស់ក្នុងបរិស្ថានដែលរិះគន់វាយប្រហារគ្នា គេនឹងក្លាយជាមនុស្សអង្គុយចាំតែចាប់កំហុសអ្នកដទៃ ហើយអ្នកដទៃធ្វើអ្វីក៏មិនងាយត្រូវចិត្តដែរ។

២- បើកុមាររស់ក្នុងបរិស្ថានដែលប្រព្រិត្តហិង្សាដាក់គ្នា គេនឹងក្លាយជាមនុស្សដែលចូលចិត្តបង្កជម្លោះ។

៣- បើកុមាររស់ក្នុងគ្រួសារដែលបង្អាប់បង្អោនគ្នា គេនឹងក្លាយជាមនុស្សមឹះៗ ហើយខ្លាចគេ។

៤- បើកុមាររស់ក្នុងគ្រួសារដែលរងការមាក់ងាយពីសង្គម (ឧ. ម្ដាយផិតប្ដី ឪពុកធ្លាប់ជាប់គុក…) គេនឹងទទួលអារម្មណ៍ថាខ្លួនគេហាក់ជាប់ពិរុទ្ធ ឬមានកំហុស។

៥- បើកុមាររស់ក្នុងបរិស្ថានដែលជំរុញឲ្យមានភាពក្លាហាន គេនឹងក្លាយជាមនុស្សមានទំនុកចិត្តលើខ្លួនឯង ធ្វើអ្វីក៏មិនចេះសុញ ហើយមិនងាយបោះបង់ក្ដីសង្ឃឹមដោយងាយទេ។

៦- បើកុមាររស់ក្នុងបរិស្ថានដែលមានការអត់ឱនអធ្យាស្រ័យគ្នា គេនឹងក្លាយជាមនុស្សដែលមានចិត្តអំណត់។

៧- បើកុមាររស់ក្នុងបរិស្ថានដែលផ្ដល់ការសរសើរ គេនឹងក្លាយជាមនុស្សដែលចេះវាយតម្លៃប្រកបដោយគតិ។

៨- បើកុមាររស់ក្នុងបរិស្ថានដែលផ្ដល់ការសន្ដោសប្រណី គេនឹងក្លាយជាមនុស្សដែលផ្ដល់សេចក្ដីស្រឡាញ់ចំពោះអ្នកដទៃ។

៩- បើកុមាររស់ក្នុងចំណោមអ្នកសុច្ចរិត គេនឹងក្លាយជាមនុស្សទៀងត្រង់ គ្មានពុតត្បុតអាក្រក់។

១០- បើកុមាររស់នៅក្នុងបរិស្ថានដែលប្រកបដោយភារតភាព និងភាពស្និទ្ធស្នាល គេនឹងក្លាយជាមនុស្សដែលចូលចិត្តបង្កើតមិត្តជាជាងសត្រូវ។

កំណត់សម្គាល់៖ ខាងលើនេះជាទ្រឹស្ដីរបស់លោកស្រីបណ្ឌិត ហើយមិនមែនសុទ្ធតែឆ្លុះបញ្ចាំងថាពិតជាបែបហ្នឹង១០០% គ្មានការលើកលែងសោះនោះទេ ព្រោះនៅមានទ្រឹស្ដី ឬក្បួនអប់រំមនុស្សជាច្រើនទៀត។ ប៉ុន្តែតិចឬច្រើន មជ្ឈដ្ឋានជុំវិញខ្លួនជាអ្នកជះឥទ្ធិពលលើផ្នត់គំនិតរបស់មនុស្ស៕