+(855)92 64 01 62 jobs@morninghr.com

អ្វី​ទៅ​ជា​ជម្ងឺ​កម្សត់? ហេតុ​អ្វី​មនុស្ស​កើត​ជម្ងឺ​នេះ​ដោយ​មិន​ដឹងខ្លួន?

អ្វី​ទៅ​ជា​ជម្ងឺ​កម្សត់? ហេតុ​អ្វី​មនុស្ស​កើត​ជម្ងឺ​នេះ​ដោយ​មិន​ដឹងខ្លួន?


ប្រហែលជាមានមិត្ត អ្នកអានច្រើន ដែលមានចម្ងល់ ពីជម្ងឺមួយ ប្រភេទនេះ ដោយសារតែ ជម្ងឺបែបនេះ មិនសូវជា កើតឡើង នៅក្នុងប្រទេស យើងទេ តែក៏មាន មនុស្សមួយ ភាគតូច មានជម្ងឺនេះ ដោយមិនដឹង ខ្លួនផងដែរ។

ដើម្បី​ជ្រាបពីជម្ងឺនេះកាន់តែច្បាស់ តាមការបក ស្រាយរបស់ ​លោក​ វេជ្ជបណ្ឌិត សុខ សេដ្ឋបុត្រ ឯកទេស​ ជម្ងឺ​ផ្លូវចិត្ដ ​នៃមន្ទីរពេទ្យ ​មិត្ដភាពខ្មែរ-សូវៀត ធ្វើការ ​បកស្រាយ​ ដូចខាងក្រោម៖

ជម្ងឺកម្សត់ជាអ្វី?

ជម្ងឺកម្សត់​គឺជា​ជម្ងឺម្យ៉ាង​ដែល​កើតឡើង​ដោយសារ​ព្រឹត្ដការណ៍​រន្ធត់ ឈឺចាប់ ស្ដាយក្រោយ។ ភាគច្រើន​នៃអ្នក​ដែលមាន​ជម្ងឺនេះ ច្រើន​កើតមាន​ឡើង​ចំពោះ​គ្រួសារ​ខ្លួនឯង​ដែល​បាត់បង់​អ្វីមួយ​ឬបាត់បង់​ សមាជិក​គ្រួសារ​ដែល​ជាទី​ស្រឡាញ់ ក្នុង​ហេតុការណ៍​ដ៏អាក្រក់​បំផុត។ ហើយ​កត្ដា​ទាំងនេះ​បានជំរុញ​ឱ្យមាន​អនុស្សាវរីយ៍​ឈឺផ្សា​ដក់ជាប់​ក្នុង​ ខួរក្បាល ឬ​បេះដូង​តែម្ដង។ មនុស្ស​ប្រភេទ​នេះ ងាយ​ធ្វើឱ្យ​មានការ​ប៉ះទង្គិច​ផ្នែកផ្លូវ​អារម្មណ៍ ឱ្យតែមាន​ហេតុការណ៍​អ្វីមួយ​កើតឡើង​ក៏ដោយ សូម្បីតែ​អ្នកដទៃ​ពេលដែល​បានឮ​គេនិយាយ​ឬគេប្រាប់ ​គឺហូរទឹកភ្នែក ​ដោយ​មិន ដឹងខ្លួន​តែម្ដង។

កត្ដាដែលបានជំរុញឱ្យមានជម្ងឺកម្សត់

លោកអ្នក​មួយចំនួន​ដែលមាន​ជម្ងឺ​កម្សត់​នោះ អាចមាន​កត្ដា​ ៣ យ៉ាង។ កត្ដា​ទីមួយ​មកពី​កត្ដាសង្គម កត្ដាទីពីរ​ មកពី​កត្ដាចិត្ដសាស្ដ្រ កត្ដាទី ៣ ​មកកត្ដា​ជីវសាស្ដ្រ។

  1. កត្ដាដែលកើតចេញពីសង្គម

​កើតឡើង​ដោយសារ​មានតំណពូជ ព្រោះ​តែបាត់បង់​មនុស្ស​ដែលខ្លួន​ស្រឡាញ់ ឬ​រស់ នៅក្នុង​បរិយាកាស​ស្រងេះ​ស្រងោច​ម្នាក់ឯង មាន​អារម្មណ៍​ឯកា​មិនហ៊ាន​ចេញទៅ​ណាមកណា​នោះទេ គឺ​ចូលចិត្ដ​សម្ងំ​នៅក្នុង​បន្ទប់តែ​ម្នាក់ឯង ហើយ​មិនសូវ​ចូលចិត្ដ​និយាយ​ទៅកាន់​អ្នកដទៃ​ឡើយ។ បញ្ហានេះ​ហើយ​បានជំរុញ​ឱ្យមនុស្ស​ប្រភេទ​នេះ មានជម្ងឺ​កម្សត់​តែម្ដង។

  1. កត្ដាចិត្ដសាស្ដ្រ

ជា​កត្ដាមួយ​ដែល​បណ្ដាល​ឱ្យមាន​ជម្ងឺកម្សត់​ផងដែរ។ កត្ដានេះ​សំខាន់​ណាស់ ព្រោះ​វាអាច​ប៉ះពាល់ ដល់​សតិអារម្មណ៍ទាំ​ងមូល និង​ចិត្ដគំនិត អាច​ធ្វើឱ្យ​បុគ្គល​ក្លាយជា​មនុស្ស​វិកលចរិត​ដោយមិន​ដឹងខ្លួន។

  1. កត្ដាជីវសាស្ដ្រ

ជាការ​រស់នៅ​ជួបផល​លំបាក ទុក្ខវេទនា ជីវភាព​រកព្រឹក​ខ្វះល្ងាច។ កត្ដានេះ​ហើយ​ក៏អាច​ជំរុញ​ឱ្យ លោកអ្នក​មានជម្ងឺ​កម្សត់​បានដែរ។

រោគសញ្ញាជម្ងឺកម្សត់ អាចចែកចេញជាពីរ 

រោគសញ្ញា​ស្ដែងចេញ​ឱ្យឃើញ​ជាក់ស្ដែង និង​រោគសញ្ញា​មិន​ពិតប្រាកដ។

  • រោគសញ្ញាកម្សត់ស្ដែងចេញឱ្យឃើញ៖ គឺជាការ​បង្ហាញ​នូវអត្ដចរិត​ស្រងេះស្រងោច ស្រគត់​ស្រគំ ហើយជា​មនុស្ស​ចូល ចិត្ដ​សម្ងំ​នៅក្នុង​បន្ទប់​តែម្នាក់ឯង មិនសូវ​ចូលចិត្ដ​ភាពអ៊ូអរ ហើយមិន​ចូលចិត្ដ​និយាយ​ច្រើន។ អ្នកមាន​ជម្ងឺ​កម្សត់​ប្រភេទ​នេះ ជាមនុស្ស អៀន​ច្រើនផង​ដែរ។ មិនតែ​ប៉ុណ្ណោះ​ធ្វើឱ្យ​អ្នកជម្ងឺ​ដេក​មិនលក់ អស់​កម្លាំង ទទួលទាន​អាហារ​មិនសូវ​បាន។ ក្រៅពីនេះ​អ្នកដែល​មានជម្ងឺកម្សត់​មិនសូវ​ចូលចិត្ដ​ធ្វើការងារ​ប៉ុន្មាន​ឡើយ ហើយ​បាត់បង់​ភាព​ជឿជាក់ អស់សង្ឃឹម ពេលខ្លះ​អាចឈាន​ដល់ការ​ចង់សម្លាប់​ខ្លួន មាន​អារម្មណ៍​ឯកោ មានអារម្មណ៍​ធុញទ្រាន់។
  • រោគសញ្ញាកម្សត់មិនពិតប្រាកដ៖ អ្នកជម្ងឺ​ប្រភេទនេះ​ធ្វើឱ្យ​ប៉ះពាល់​ដល់​រាងកាយ ព្រោះ​វាអាច​កើតឡើង​ដោយសារ បរិយាកាស​សង្គម មានគ្រោះ​ទុរក្ភិក្ស មានរឿង​ចលាចល ស្រុក​ក្រខ្សត់​ជាដើម។ អ្នកដែល​យកហេតុការណ៍​នេះមកដាក់​ក្នុងចិត្ដ ឬ​បេះដូង​ភាគច្រើន​ធ្វើឱ្យ​ខ្លួនឯង​កម្សត់​ដោយមិន​ដឹងខ្លួន។

វិធីព្យាបាលជម្ងឺកម្សត់

ប្រសិនបើ​លោកអ្នក​មានបងប្អូន ឬ​ក្រុមគ្រួសារ​មានជម្ងឺ​នេះ​កើតឡើង គឺត្រូវ​យក អ្នកជម្ងឺ​ទៅព្យាបាល​ដោយ​គ្រូពេទ្យ​ឯកទេស​ផ្លូវចិត្ដ។ បន្ទាប់មក​ត្រូវធ្វើការ​គាំទ្រ​ទៅលើ​អ្នកជម្ងឺ​ឱ្យលុប​បំបាត់ភាព​សៅហ្មង ភាព​ឈឺចាប់ ឬភាព​ស្ដាយក្រោយ។ ជាពិសេស​រឿងរ៉ាវ​អាក្រក់ៗ​ដែល​កើតឡើង​ពីអតីតកាល ឬ​បច្ចុប្បន្នកាល​ជាដើម។ អ្នកជម្ងឺ​ប្រភេទ​នេះ ត្រូវធ្វើ​យ៉ាងណា​ជំរុញដល់​ពួកគេ​ឱ្យបង្ក​បរិយាកាស​ក្នុងសង្គម​ឱ្យបាន​ច្រើន បង្កភាព​សប្បាយរីករាយ និង​កម្សាន្ដនានា។ ព្រោះវា​អាចចៀស​ផុតនូវ​ស្លាកស្នាម​អនុស្សាវរីយ៍​ឈឺចាប់​កន្លងមក។

វិធីការពារជម្ងឺកម្សត់

ដើម្បី​ការពារ​កុំឱ្យ​មានជម្ងឺ​កម្សត់នេះ លោកអ្នក​ត្រូវតែ​តាំងអារម្មណ៍​ខ្លួនឯង​ថា ត្រូវធ្វើ​យ៉ាងណា​បំភ្លេច​រឿងរ៉ាវ​អាក្រក់ៗ​ចោលឱ្យ​អស់ លុបបំបាត់​ការ​ឈឺចាប់ ភាព​សៅហ្មង ហើយ​ត្រូវស្វែងរក​បរិយាកាស​ក្នុងសង្គម​ណាដែល​ល្អៗ ឧស្សាហ៍​ចូលរួម​ជាក្រុម​ជាមួយ​មិត្ដភក្ដិ ក្រុមគ្រួសារ។ ត្រូវ​ចៀសវាង​ដាច់ខាត​ការពារ​ឱ្យបាន​នូវជម្ងឺ​ស្ដ្រេស ព្រោះ​វាជាដើម​ចមបង្ក​ឱ្យមាន​ជម្ងឺកម្សត់​នេះតែម្ដង។ ប្រសិនបើ​ស្ដ្រេសនេះ​កើតមាន​រ៉ាំរ៉ៃ​ក្នុងខ្លួន​លោកអ្នក​នោះ យូរទៅៗ​វាអាច​បង្កឱ្យ​មានជម្ងឺ​វិកលចរិត​តែម្ដង។ ដូច្នេះ​ហើយ​ត្រូវ​ការពារ​យ៉ាងណា ត្រូវ​ធ្វើការ​កែអារម្មណ៍​ខ្លួនឯង​ឱ្យបានល្អ ទទួលយក​ខ្យល់​ឬបរិយាកាស​បរិសុទ្ធ លះបង់ភាព​សោកសៅ។ បញ្ហានេះ​អាចការពារ​កុំឱ្យ​មានជម្ងឺ​ស្ដ្រេស​ជ្រៀតចូល​បានទៀតផង។

ផលប៉ះពាល់នៃជម្ងឺកម្សត់

ប្រសិនបើ​លោកអ្នក​មិនយក​អ្នកជម្ងឺ​កម្សត់​ទៅព្យាបាល​ឱ្យទាន់​ពេលវេលា​ ទេនោះ អ្នកជម្ងឺ​អាចក្លាយ​ទៅជា​មនុស្ស​វិកលចរិត ឬ​មានជម្ងឺ​សរសៃ​ប្រសាទ​នៅថ្ងៃ​ណាមួយ​មិនខាន​ឡើយ។ មិនតែ​ប៉ុណ្ណោះ​ជម្ងឺនេះ​ប្រសិនបើ​គ្មានអ្នក​គាំពារ ឬ​អ្នកមើល​ការ​ខុសត្រូវ​ឱ្យបាន​ត្រឹមត្រូវ​ទេនោះ អាចធ្វើ​ឱ្យអ្នក​ជម្ងឺបាក់​ទឹកចិត្ដ មាន​អារម្មណ៍​មួហ្មង ហើយ​អាចឈាន​ដល់ការ​សម្លាប់ខ្លួន​ផងដែរ។

ដំបូន្មានអ្នកជំនាញ

ដើម្បី​ជៀសផុត​ជម្ងឺកម្សត់ លោកអ្នក​ត្រូវតែ​លុបបំបាត់​ស្លាកស្នាម​អនុស្សាវរីយ៍​ដែល​កើតឡើង​អាក្រក់ៗ ឬ​បំផ្លាញ​បរិយាកាស​អួអាប់​ចេញពី​ក្នុងខ្លួន ស្វែងរក​ទីតាំង​ណាមួយ​ដែល​ប្រកបដោយ​សុវត្ថិភាព ដើម្បី​លំហែ​អារម្មណ៍​ឱ្យបាន​ស្រស់ថ្លា។ ត្រូវ​បំភ្លេច​អាការ​ឈឺចាប់ ភាព​សៅហ្មង ហើយត្រូវ​ចេះស្វែងរក​ដៃគូល្អ​មកសាសង​ជាមួយគ្នា​ពីនេះ​ពីនោះ​លេងកម្សាន្ដ។ បើសិន​លោកអ្នក​ប្រើវិធី​របៀប​នេះបាន នឹង​កាត់បន្ថយអា​រម្មណ៍​ធុញថប់ ហើយជម្ងឺ​កម្សត់​មិនអាច​ចូលលុក​លុយបាន​ឡើយ។
sources by: Cambo-Report