+(855)92 64 01 62 jobs@morninghr.com

៥មុខជំនាញ កម្ពុជាយកទៅប្រកួតប្រជែងជំនាញអាស៊ាន នៅឆ្នាំ ២០១៦

៥មុខជំនាញ កម្ពុជាយកទៅប្រកួតប្រជែងជំនាញអាស៊ាន នៅឆ្នាំ ២០១៦


ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានជ្រើសរើសយកមុខជំនាញចំនួន ៥ សម្រាប់ដាក់​ប្រឡងថ្នាក់ជាតិ ដើម្បីស្វែងរកបេក្ខជនដែលមានសមត្ថភាព និងអ្នកទទួលបានជ័យលាភីឆ្នើម មុននឹងយកទៅប្រកួតប្រជែងជំនាញអាស៊ាន នៅឆ្នាំ ២០១៦។

មុខជំនាញទាំង ៥ ដែលនឹងត្រូវជ្រើសរើស សម្រាប់ធ្វើការប្រកួតប្រជែងជំនាញថ្នាក់ជាតិលើកទី៥នេះ រួមមាន ជំនាញរៀបឥដ្ឋ ជំនាញតបណ្ដាញអគ្គិសនី ជំនាញផ្សា ជំនាញរចនាគេហទំព័រ និងជំនាញ IT Software Solution for Business។ ចំពោះអ្នកដែលទទួលបានជ័យលាភីថ្នាក់ជាតិ នឹងត្រូវជ្រើសរើសតាមមុខ ជំនាញនីមួយៗ សម្រាប់យកទៅប្រកួតប្រជែងជំនាញអាស៊ាន ដែលនឹងប្រព្រឹត្ដទៅ នៅទីក្រុង​គូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នាខែកញ្ញា ឆ្នាំ ២០១៦ ខាងមុខនេះ។

គួរជម្រាបថា បេក្ខជនដែល​ទទួលបានចំណាត់ថ្នាក់ និងជ័យលាភី នឹងត្រូវបានលើកទឹកចិត្ដពីរាជ​រដ្ឋាភិបាល ដោយមេដាយមាស ទទួលបានរង្វាន់ ៣លានរៀល មេដាយប្រាក់ ទទួលបានរង្វាន់​ ២លានរៀល និងមេដាយសំរិទ្ធ ទទួលបាន ១លានរៀល។

យោងតាមការសិក្សា​ស្រាវជ្រាវ​ថ្មី​មួយ ស្ដីពី​មុខវិជ្ជា​ជំនាញ​ដែល​និស្សិតនៅ​កម្ពុជា​ ជ្រើសរើសមុខជំនាញ​បន្ទាប់ពី​បញ្ចប់​ការសិក្សា​នៅ​ថ្នាក់​វិទ្យាល័យ បាន​ឲ្យដឹងថា និស្សិត​កម្ពុជាប្រហែល​ជាង ៦០ភាគរយ ជ្រើសរើស​មុខវិជ្ជា​ជំនាញ​របស់​ខ្លួន ​តាម​ចំណង់​ចំណូលចិត្ត​ផ្ទាល់ខ្លួន ជាជាង​តាម​តម្រូវការលើ​ទីផ្សារ ខណៈដែលមានចំនួននិស្សិតប្រហែល ៣០ភាគរយប៉ុណ្ណោះ ជ្រើសមុខជំនាញតាមតម្រូវការលើទីផ្សារ នេះ​បើ​តាមតាមការចុះផ្សាយ ពីសាកលវិទ្យាល័យ អាមេរិកកាំងភ្នំពេញ (AUPP)។

យ៉ាងណាមិញ បើតាមប្រសាសន៍ ឯកឧត្តម ​​អ៊ិត​សំហេង ​រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ឲ្យដឹងថា បច្ចុប្បន្ន​នេះ​ក្រសួង​កំពុង​ផ្តល់​អាទិភាព​ថ្មី​ទៅលើ​ មុខជំនាញ​ចំនួន​ បី​ គឺ​ជំនាញ​យានយន្ត​កសិកម្ម ​ផ្នែក​អគ្គិសនី ​និង​ផ្នែក​សំណង់ ​ដោយសារ​ជំនាញ​ទាំងនេះ ​កំពុង​មាន​តម្រូវការ​ខ្ពស់​លើ​ទីផ្សារ ​ដែល​សិស្ស​​និស្សិត​រៀន​ចប់​ហើយ ​អាច​រក​ការងារ​ធ្វើ​បាន​ដោយ​ងាយ និង​ទទួលបានប្រាក់បៀវត្ស​សមរម្យ​ថែមទៀត៕​

Sources by : business-cambodia.com.