+(855)92 64 01 62 jobs@morninghr.com

រវាងការងារនិងគ្រួសារ  មួយណាសំខាន់ជាង?

រវាងការងារនិងគ្រួសារ មួយណាសំខាន់ជាង?


ក្នុងលោកនេះមានរបស់ជាច្រើន ដែលមនុស្សគ្រប់គ្នាតែងប្រាថ្នាចង់បាន និងសង្ឃឹមថា ថ្ងៃណាមួយខ្លួននឹងទទួលបានជាក់ជាមិនខាន។ យ៉ាងណាមិញសម្រាប់ថ្ងៃនេះ ពាណិជ្ជកម្ម កម្ពុជាសូមលើកយកវត្ថុពីរ ដែលសំខាន់បំផុត នៅក្នុងឆាកជីវិតរបស់បុគ្គលម្នាក់ៗ នោះគឺ គ្រួសារ និងការងារ ដែលរបស់ទាំងពីរនេះ សុទ្ធតែសំខាន់បំផុតក្នុងជីវិត។

ជាមួយគ្នានេះដែរ សម្រាប់ប្រិយមិត្តអ្នកអានវិញ រវាងគ្រួសារនិងការងារ តើមួយណាដែលសំខាន់ក្នុងចិត្តអ្នក? ទោះជាយ៉ាងណា តាមការស្ទង់មតិរបស់ ពាណិជ្ជកម្មកម្ពុជា ទៅលើ ប្រិយមិត្តប្រហែលជា ២០០នាក់ បានបង្ហាញថា គ្រួសារពិតជាសំខាន់ជាងការងារ តែយ៉ាងណាមិញលោកអ្នកមិនគួរឲ្យមានមួយណាបរាជ័យឡើយ។

ការងារផ្តល់ប្រាក់ចំណូល ចំនែកឯគ្រួសារផ្តល់សុភមង្គល ហើយវាពិតជាមានការពិបាក ចំពោះមនុស្សម្នាក់ៗក្នុងការ ធ្វើឲ្យមានតុល្យភាពសំរាប់គ្រួសារ និងការងារ។ ពេលខ្លះ លោកអ្នកអាចរវល់នឹងការងារ លោកអ្នកនឹងមិនអាចមានពេលវេលាគ្រប់គ្រាន់ សម្រាប់គ្រួសារឡើយ តែវាមិនមែនមានន័យថា លោកអ្នកបរាជ័យនោះទេ គឺលោកអ្នកត្រូវយកចិត្តទុកដាក់ទាំងការងារ និងគ្រួសារ មានន័យថា បើគ្រួសាររបស់លោកអ្នកជួបនូវបញ្ហានានា លោកអ្នកត្រូវតែឆ្លៀតពេល ដោះស្រាយបញ្ហាទាំងនោះឲ្យបានរៀបរយ កុំបណ្តោយឲ្យវាក្លាយទៅជាបញ្ហាធំ ដែលអាចប៉ះពាល់ដល់ការងាររបស់លោកអ្នកផងដែរ។

ផ្ទុយមកវិញ បើលោកអ្នកមានបញ្ហាការងារ លោកអ្នកត្រូវតែដោះស្រាយវាឲ្យបានរួចរាល់ផងដែរ កុំ រកលេសរវល់ ឬចំណាយពេលនៅជាមួយតែគ្រួសារ ទុកបញ្ហាការងារដោះស្រាយនៅពេលក្រោយ ព្រោះបុគ្គលជោគជ័យ គឺសម្រេចបានទាំងការងារ ឯគ្រួសារក៏មិនបរាជ័យដូចគ្នា។

តាមពិតទៅ ទាំងគ្រួសារ និងការងារសុទ្ធតែសំខាន់ដូចគ្នា តែគន្លឹះដ៏សំខាន់សម្រាប់សុភមង្គលក្នុងជីវិត គឺលោកអ្នកត្រូវដោះស្រាយបញ្ហា ដែលកើតមានក្នុងគ្រួសារជាមុនសិន ទើបដោះស្រាយបញ្ហាការងារតាមក្រោយ តែធ្វើយ៉ាងណាមិនឲ្យមានមួយណាបរាជ័យឡើយ ពោលគឺ ជោគជ័យលើការងារ ឯគ្រួសារក៏មិនបរាជ័យដែរ ។ទន្ទឹមនឹងនេះដែរ ពាណិជ្ជកម្មកម្ពុជា សូមផ្តាំផ្ញើទៅកាន់ប្រិយមិត្តអ្នកអានទាំងអស់ សូមកុំឲ្យមានភាពលំអៀងខ្លាំងពេកចំពោះការងារ ឬគ្រួសារ ព្រោះវាសុទ្ធតែសំខាន់ដូចគ្នា សម្រាប់ជីវិត៕
ប្រភពពី៖ពាណិជ្ជកម្មកម្ពុជា